ads

ប្រហែលជាមិនមាន​មនុស្ស​ច្រើននោះទេដែល​ជោគជ័យ​លើ​ស្នេហា​ដំបូង ពីព្រោះមានហេតុផលជាច្រើនដែលធ្វើឲ្យស្នេហានេះកើតឡើងនិងបែកបាក់ទៅវិញ។ ពេល​ខ្លះ​មិន​មែន​ថា​យើង​មិន​ចង់​ជោគជ័យ​នោះ​ទេ តែ​ប្រហែល​វា​ជា​និស្ស័យ​មក​ពី​ធម្មជាតិ​ដែល​បណ្ដាល​ឲ្យ​ស្នេហានេះ​ឆាប់ផុត​រលត់ទៅ​វិញ ៖
១. គ្មានបទពិសោធន៍​ស្នេហា
ដោយសារ​តែគ្មានបទពិសោធន៍ស្នេហាពីមុនមក ទើប​យើង​មិនសូវយល់ចិត្តដៃគូហើយ​ ពេលមានបញ្ហាមិនសូវចេះប្រឈមមុខ។ ម្យ៉ាង​ទៀត​យើង​អាច​នឹង​មើល​មនុស្ស​ខុស​ ព្រោះ​មនុស្ស​យើង​មាន​ការ​ប្រែប្រួល​ឆាប់​រហ័ស​ណាស់ គ្មាន​អ្នក​ណា​អាច​ស្មាន​ដឹង​នោះ​ទេ។
២. ជាអារម្មណ៍ងុបងល់មួយឆាវ
ពេលខ្លះស្នេហាដំបូងគ្រាន់តែជាអារម្មណ៍ដែលយើងងុបងល់នឹងនរណាម្នាក់មួយពេល តែអារម្មណ៍មួយនោះក៏បាត់បង់ទៅវិញដោយគ្មានហេតុផល។ វា​ជា​អារម្មណ៍​ដែលរំភើប​​មួយ​ឆាវ ដែល​មានក្នុង​ភាព​យុវវ័យ​។
៣. ចិត្ត​ខ្លាំង​រៀង​ខ្លួន​តាម​និស្ស័យ​យុវវ័យ
ដោយសារ​តែ​ក្នុង​វ័យ​នេះមានចិត្តមានះ​ច្រើន ចង់ឈ្នះរៀងខ្លួន មិនចូលចិត្តនៅក្រោមនរណាម្នាក់ទើប​បាន​ជា​ពេល​ខ្លះមាន​អារម្មណ៍​ឆាប់​ធុញ​ទ្រាន់។ មួយវិញ​ទៀត ពីមុនមកធ្លាប់ធ្វើអ្វីដោយមិនមាននរណាហាមឃាត់ គ្មាន​សម្ពាធ​ពី​អ្នក​ក្រៅ ដូច្នេះ​ពេល​ដែល​មាន​ស្នេហា​យើង​អាច​មាន​អារម្មណ៍​ថា​បាត់​បង់​សេរីភាព ហើយ​ក៏​ចង់​បោះបង់​ទៅ​វិញ។
៤. ចង់ស្គាល់ ចង់​យល់
ស្នេហាដំបូងខ្លះគ្រាន់តែជាការចង់ដឹងចង់ស្គាល់របស់យើងតែប៉ុណ្ណោះ វាមិនមែនចេញពីការស្រលាញ់ពិតឡើយ បន្ទាប់ពីយើងបានស្គាល់ហើយយើងក៏បោះជំហានចេញពីវាទៅ។ យើង​មិន​អាច​និយាយ​ថា​វា​ជា​កំហុស​អ្នក​ណា​ឡើយព្រោះ​វ័យ​ដែល​មនុស្ស​ទើប​នឹង​ធំ គឺ​តែង​តែ​ចង់​សាក​អី​ថ្មី​ជា​និច្ច។
៥. ខ្វះការតស៊ូ
ប្រហែលពេលនោះយើងមិនទាន់រឹងមាំ មិន​ទាន់​ចេះ​គ្រប់គ្រង​ជីវិត​ខ្លួន​ឯងគ្រប់គ្រាន់ ដូចច្នេះពេលដែលមានបញ្ហាកើតឡើងយើងឆាប់បោះបង់ ឆាប់ចុះចាញ់ គ្មាន​ភាព​រឹង​ប៉ឹង​ក្នុង​ការ​ប្រឈមមុខ។ វា​អាច​មក​ពី​យើង​នៅ​ក្មេង​ពេក ឆាប់​ខ្លាច ហើយ​គ្មាន​គំនិត​ក្នុង​ការ​តស៊ូ​ដោះស្រាយ​នៅ​ពេល​ដែល​ស្នេហា​មាន​ឧបសគ្គ។
ប្រហែលជានៅមានហេតុផលជាច្រើនទៀតដែលធ្វើឲ្យយើងបោះបង់ស្នេហាលើកទី១ ប៉ុន្តែអ្វីដែលសំខាន់តើយើងទទួលបានអ្វីខ្លះពីវាក្នុងការអភិវឌ្ឍន៍ខ្លួន៕
ចែករំលែកទៅ:

Pov Phoeurn

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម

0 comments so far,add yours