
ពេលណាមានប្ដីខ្ញុំនឹងដើរប្រកូកប្រកាស ផ្ញើធៀបការពេញហ្នឹង ពេលមានកូនក៏ដូចគ្នា។ ដូចនេះកុំភ័យខ្លាចអត់ដឹង ហើយកុំសួរខ្ញុំរឿងនេះទៀត។
ឆ្នាំថ្មីឬក៏ឆ្នាំចាស់ អត់គូនៅតែអត់គូ
ធ្មេចបើកៗ ឆ្នាំ២០១៨ក៏ចូលមកដល់ អ្វីដែលក្រុមនៅអេភ័យខ្លាចនឹងប្រឈមមុខក៏ចូលមកដូចគ្នា នោះគឺការសួរដេញដោលពីសាច់ញាតិ បងប្អូន ជាពិសេសគឺប៉ាម៉ាក់តែម្ដង។ នៅតែជាសំនួរឆ្នាំចាស់នោះគឺ "ជិតមានប្ដីឬនៅ?” “ពេលណាបានអ៊ំបានញ៉ាំក្បាលជ្រូក?” “ឯងមើលកូនគេនៅជិតផ្ទះទៅ នៅក្មេងជាងឯងទេ តែមានប្ដីអស់ហើយ"។
គ្រាន់តែគិតដល់សំនួរទាំងនេះ ក៏លែងចង់ឆ្លងឆ្នាំបាត់ទៅហើយ។ រយៈពេលឆ្នាំថ្មីបាននៅជួបជុំគ្រួសារគឺជាសុភមង្គលមួយ តែដល់ពេលសួរដេញជើងអីចឹងពេកទៅ ដូចលែងចង់ទៅផ្ទះយ៉ាងម៉េចទេ។
ចាប់តាំងពី២ឆ្នាំចុងក្រោយនេះមក នៅពេលដែលមានអាយុជ្រេហើយ ជួបអ្នកណាក៏សួរតែសំនួរដដែល។ ពេលដំបូងៗ ចេះតែឆ្លើយទាំងបង្ខំឲ្យតែចប់ៗទៅ តែដល់ពេលញឹកពេក ក៏ក្ដៅចិត្តមិនតិចដែរ។ បើសិនជាយកប្ដីងាយដូចគេនិយាយមែន ខ្ញុំសុខចិត្តយកម្ដងច្រើននាក់តែម្ដង កុំឲ្យពូកែសួរពេក។
ការពិតទៅ ក្រុមមិត្តភ័ក្ដិជិតស្និទ្ធគឺមានគ្រួសារអស់ហើយ ដូចនេះដល់រដូវបុណ្យទានម្ដងៗ គឺមានតែទៅរកគ្រួសារដើម្បីបានសប្បាយរីករាយនឹងគេ តែគ្រាន់តែនឹកដល់សំនួរដែលគាត់ប្រុងសួរក៏ព្រឺខ្លួនតែម្ដង។ យូរៗចង់តែប្រកាសជាសាធារណៈទេថា ឆ្នាំថ្មីនេះក៏មិនទាន់មានប្ដីដែរ ដល់ពេលណាមាននឹងចែកធៀបការដល់ផ្ទះតែម្ដង។
សូមទុកពេលឲ្យពួកអ្នកអត់គូខ្ញុំ មានពេលវេលាដើម្បីបង្កើតមនោសញ្ចេតនា បានរស់នៅសុខស្រួលផង។ កុំដោយសារតែរឿងយកប្ដី ហើយធ្វើទុក្ខខ្ញុំបែបនេះរាល់ឆ្នាំនោះ៕



មានចម្ងល់បញ្ចេញមតិនៅខាងក្រោម
0 comments so far,add yours
Post a Comment