
នរណាក៏ដឹងដែរថា ថ្នាំគ្រាប់ពន្យារកំណើត គឺប្រើសម្រាប់ការពារមិនឲ្យមានកូន តែគេប្រហែលជាមិនដឹងទេថា ថ្នាំប្រភេទនេះ ផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពស្ត្រី ក្នុងនោះ ជាពិសេសកាត់បន្ថយការឈឺចាប់ និងជួយការពារប្រឆាំងជំងឺមហារីកមួយចំនួន។ បើតាមអ្នកជំនាញ បានឲ្យដឹងថា ថ្នាំពន្យារកំណើតអាចផ្ដល់ផលប្រយោជន៍ជាច្រើនចំពោះស្ត្រី ដូចជា៖
១. កាត់បន្ថយហានិភ័យជំងឺមហារីក
ការប្រើថ្នាំពន្យារកំណើតអាចជួយការពារការកើតមហារីកមាត់ស្បូនបានលើសពី ៧០% បើប្រើចាប់ពីរយៈពេលលើស ១២ឆ្នាំឡើងទៅ។ បើប្រើពី ៤-៥ឆ្នាំ វាអាចកាត់បន្ថយលទ្ធភាពមហារីកបាន ៤០%។ អ្នកជំនាញពីសាកលវិទ្យាល័យ Colorado បានឲ្យដឹងទៀតថា ស្ត្រីអាចប្រើថ្នាំពន្យារ កំណើតបានដល់ ២០ឆ្នាំឯណោះ។
២. ជួយថែរក្សាស្បែកឲ្យស្រស់ស្អាត
អ័រម៉ូនអ៊ឺស្ត្រូសែន Estrogen ក្នុងខ្លួនស្ត្រី នៅពេលប្រើថ្នាំគ្រាប់ពន្យារកំណើត អាចជួយឲ្យស្បែកភ្លឺថ្លា ព្រោះវាជួយបន្ថយកម្រិតអ័រម៉ូនតេស្ដូស្ដេរ៉ូន Testosterone ដែលជាប្រភេទអ័រម៉ូនធ្វើឲ្យប៉ះពាល់ដល់សុខភាពស្បែក ហើយថ្នាំគ្រាប់ពន្យារកំណើតអាចជួយការពារមិនឲ្យកើតមុន និងស្នាមជាំលើស្បែកផងដែរ។
៣. កាត់បន្ថយការឈឺចាប់ពេលមករដូវ
ស្ត្រីភាគច្រើន តែងឈឺចុកចាប់ និងអស់កម្លាំង ពេលមករដូវជារៀងរាល់ខែ។ ការប្រើថ្នាំពន្យារកំណើត អាចជួយបន្ថយការឈឺចាប់បានប្រសើរជាងមុន។
៤. កាត់បន្ថយអាការឈឺមុនពេលមករដូវ
ឈឺចាប់មុនពេលមករដូវ ជាអាការខុសប្រក្រតីតិចតួច ដូចជា សុដន់ឡើងរឹង រមួលក្រពើ ចុកឆ្អល់ពោះ ឈឺក្បាល និងអារម្មណ៍ធេងធោង ដែលតែងកើតមានចំពោះស្ត្រីមួយចំនួន ហើយការប្រើថ្នាំគ្រាប់ពន្យារកំណើត អាចជួយបន្ធូរអាការនេះបានយ៉ាងប្រសើរ។
៥. កាត់បន្ថយការឈឺចាប់បណ្ដាលពីជំងឺដុំគីសក្នុងដៃស្បូន
Endometriosis ជាប្រភេទជំងឺដុំគីស ច្រើនកើតនៅតាមដៃស្បូនដែលបណ្ដាលឲ្យមានការឈឺចាប់ ឬអាចឈានដល់ធ្វើឲ្យបាត់បង់លទ្ធភាពមានកូនបាន។ ការប្រើថ្នាំពន្យារកំណើត អាចជួយបញ្ឈប់ការលូតលាស់ជាលិកាក្នុងបរិវេណដៃស្បូនបាន និងអាចជួយកាត់បន្ថយអត្រាប្រឈមនៃការកើតជំងឺប្រភេទនេះ។
៦. កាត់បន្ថយសភាពខុសប្រក្រតីរបស់អ័រម៉ូន
ថ្នាំគ្រាប់ពន្យារកំណើត មិនគ្រាន់តែអាចព្យាបាលចង្កោមរោគសញ្ញានៃបម្រែបម្រួលអ័រម៉ូនស្ត្រីបាននោះទេ វាក៏ជួយកាត់បន្ថយបានខ្លះៗនូវអាការឈឺចាប់ផ្សេងៗ ដែលបណ្ដាលមកពីការប្រែប្រួលខុសប្រក្រតីនៃជំងឺនេះ។ អ្នកជំនាញបានស្នើឲ្យស្ត្រី ប្រើថ្នាំពន្យារកំណើតមានផ្ទុកអ័រម៉ូន Estrogen ដែលមានកម្រិត ៣០-៣៥ mcg ឲ្យបានទៀងទាត់ ព្រោះសារធាតុនេះអាចជួយរក្សាវដ្ដរដូវស្ត្រី និងអ័រម៉ូនផ្សេងៗឲ្យមានលំនឹង៕



មានចម្ងល់បញ្ចេញមតិនៅខាងក្រោម
0 comments so far,add yours
Post a Comment