
ការចូលគេងយប់ជ្រៅអាចជារឿងធម្មតា ឬជាទម្លាប់របស់មនុស្សមួយចំនួនបាត់ទៅហើយ ប៉ុន្តែការដែលអ្នកបានចូលគេងលឿន រួចហើយក៏ភ្ញាក់ដឹងខ្លួនវិញនៅពេលកណ្ដាលយប់ ឬម៉ោងប្រមាណ ២ឬ៣ទាបភ្លឺ ជាប្រចាំដោយគ្មានអ្វីដាស់នោះ គឺអាចបណ្ដាលមកពីបញ្ហាផ្សេងៗ ដែលធ្វើឲ្យអ្នកមានទម្លាប់គេងបែបនេះ។ សាកល្បងមកស្វែងយល់ពីមូលហេតុខាងក្រោមនេះតែម្ដង៖
១. មានអារម្មណ៍រងា ឬក្ដៅខ្លាំងពេក
ការដែលអ្នកភ្ញាក់ដឹងខ្លួនកណ្ដាលយប់នោះអាចបណ្ដាលមកពីសីតុណ្ហភាពក្នុងបន្ទប់គេងក៏ថាបាន។ សភាពត្រជាក់ពេក ឬក្ដៅពេកគឺសុទ្ធតែអាចបង្កឲ្យអ្នកគេងមិនបានទាំងអស់ ដូច្នេះហើយមុនចូលគេង អ្នកគួររៀបចំយ៉ាងណាឲ្យបន្ទប់របស់អ្នកមានសីតុណ្ហភាពល្មម គឺមិនក្ដៅពេក មិនត្រជាក់ពេក។
២. បត់ជើងតូចញឹកញាប់ពេលយប់
ការបត់ជើងតូចញឹកញាប់នៅពេលយប់ អាចជាមូលហេតុដែលធ្វើឲ្យអ្នកភ្ញាក់ញឹកញាប់ដែរ។ សម្រាប់វិធីដោះស្រាយបញ្ហានេះ គឺអ្នកគួរចៀសវាងញ៉ាំទឹក ឬភេសជ្ជៈផ្សេងៗក្នុងបរិមាណច្រើននៅពេលយប់ជ្រៅ ឬមុនចូលគេងភ្លាមៗ ជាពិសេសតែ ឬកាហ្វេដែលមានសារធាតុបញ្ចុះទឹកនោម។ ប៉ុន្តែបើធ្វើបែបនេះហើយ បញ្ហានៅតែបន្តទៀត នោះមានន័យថាអ្នកកំពុងស្ថិតក្នុងស្ថានភាព ឬមានជំងឺផ្សេងៗដូចជាការឆ្លងមេរោគលើផ្លូវទឹកនោម ការមានផ្ទៃពោះ បញ្ហាតម្រងនោម ក្រពេញប្រូស្តាតរីកធំ ឬជំងឺទឹកនោមផ្អែម ដែលអ្នកត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ។
៣. អាយុ
អាយុចាត់ទុកជាមូលហេតុសំខាន់មួយដែរដែលធ្វើឲ្យអ្នកមិនអាចគេងលក់ស្រួលពេញមួយយប់។ នៅពេលអាយុកាន់តែច្រើន អ្នកអាចភ្ញាក់ដឹងខ្លួនកណ្ដាលយប់កាន់តែច្រើន និងភ្ញាក់ពីព្រលឹមជាងធម្មតា។ បើអ្នកជៀសវាងការផឹកកាហ្វេ ការគេងថ្ងៃ ឬការមើលទូរទស្សន៍មុនចូលគេងហើយក៏នៅតែមិនអាចដោះស្រាយបញ្ហាបាន អ្នកគួរពិគ្រោះជាមួយគ្រូពេទ្យ ព្រោះជួនកាលវាអាចបណ្ដាលមកពីឥទ្ធិពលថ្នាំមួយចំនួនដែលអ្នកកំពុងទទួលទាន។
៤. ពិសាគ្រឿងស្រវឹង
បើទោះបីការផឹកស្រា ឬគ្រឿងស្រវឹងផ្សេងៗ នឹងធ្វើឲ្យអ្នកឆាប់គេងលក់ ប៉ុន្តែវាក៏អាចធ្វើឲ្យអ្នកភ្ញាក់វិញនៅកណ្ដាលយប់បានដែរ។ យកល្អអ្នកគួរជៀសវាងការផឹកគ្រឿងស្រវឹង ឬមិនគួរផឹកលើសពី ១កែវឡើយក្នុង ១ថ្ងៃ ដើម្បីឲ្យការគេងរបស់អ្នកកាន់តែមានគុណភាព។
៥. រោគគេងមិនដកដង្ហើម (Sleep Apnea)
ជំងឺមិនដកដង្ហើមពេលគេងលក់អាចធ្វើឲ្យផ្លូវដង្ហើមរបស់អ្នកត្រូវបិទមិនថាផ្នែកខ្លះ ឬទាំងមូលក្នុងខណៈដែលអ្នកកំពុងគេងលក់ ហើយវាអាចធ្វើឲ្យអ្នកភ្ញាក់ដឹងខ្លួនកណ្ដាលយប់បាន។ ក្រៅពីនេះ អ្នកជំងឺអាចមានអាការឈឺក្បាល ស្ងួតមាត់ អារម្មណ៍វិលវល់។ល។ ប្រសិនបើអ្នកត្រូវបានពេទ្យពិនិត្យរកឃើញថាមានជំងឺនេះ អ្នកអាចនឹងត្រូវប្រើឧបករណ៍ជំនួយ ក៏ដូចជាព្យាយាមសម្រកទម្ងន់ ជៀសវាងការជក់បារី ឬផឹកគ្រឿងស្រវឹងជាចាំបាច់។
៦. ជំងឺថប់បារម្ភ ឬជំងឺធ្លាក់ទឹកចិត្ត
ជំងឺថប់បារម្ភ ឬធ្លាក់ទឹកចិត្តអាចធ្វើឲ្យអ្នកមានបញ្ហាពាក់ព័ន្ធនឹងការគេងបាន ដោយវាអាចធ្វើឲ្យអ្នកភ្ញាក់ឡើងដោយសារសុបិនអាក្រក់ ឬភ្ញាក់ព្រោះមានអារម្មណ៍ពិបាកចិត្តដោយសាររឿងអ្វីម្យ៉ាង។ ប៉ុន្តែក្រោយពីភ្ញាក់ពីគេងហើយ អ្នកអាចនឹងគេងមិនលក់ទៀតក៏មាន។ បើបណ្ដោយបែបនេះយូរ វានឹងប៉ះពាល់ខ្លាំងដល់សុខភាពអ្នកទាំងផ្លូវកាយ និងផ្លូវចិត្ត ដូច្នេះគួរស្វែងរកការព្យាបាលដ៏សមរម្យមួយ។
៧. មានជំងឺរមួលជើង
បើអ្នកឧស្សាហ៍ភ្ញាក់កណ្ដាលយប់ដោយសារមានអារម្មណ៍ថាមិនស្រួលជើង គឺអាចបណ្ដាលមកពីអ្នកមានអាការរមួលជើង (Restless legs syndrome – RSL) ដែលអាការនេះនឹងកម្រើកឡើងខ្លាំងនៅពេលអ្នកកំពុងគេង។ អ្នកជំងឺពេលខ្លះមានអារម្មណ៍ថារមួលៗជើង ចុក រោយ ញ័រ ឬមានអាការស្រដៀងៗនេះចំពោះដៃ ដើមទ្រូង និងក្បាល។ សម្រាប់វិធីព្យាបាល គឺត្រូវឈប់ជក់បារី ឬផឹកគ្រឿងស្រវឹង ហើយចាប់ផ្ដើមហាត់ប្រាណ ត្រាំជើងនឹងទឹកក្ដៅឧណ្ហៗ ញ៉ាំអាហារបំប៉នជាតិដែក ម៉ាស្សាជើង និងញ៉ាំថ្នាំតាមវេជ្ជបញ្ជា។
៨. ជំងឺច្រាលអាស៊ីដក្រពះ
ជំងឺច្រាលអាស៊ីដក្រពះគឺជាជំងឺរ៉ាំរ៉ៃដែលកើតឡើងនៅពេលអាស៊ីដក្នុងក្រពះហូរច្រាលឡើងមកបំពង់អាហារ ដែល ៨០%នៃអ្នកមានជំងឺនេះនឹងមានអាការរើឡើងនៅពេលកណ្ដាលយប់ ធ្វើឲ្យអ្នកអាចភ្ញាក់ ហើយគេងមិនលក់ជាច្រើនម៉ោងដោយសារមានអារម្មណ៍ក្ដៅក្រហាយនៅកណ្ដាលទ្រូង ឈឺក ក្អករ៉ាំរ៉ៃ មានរសជាតិល្វីង ឬជូរនៅក្នុងមាត់ ពិបាកដកដង្ហើម។ល។ វិធីដោះស្រាយបញ្ហានោះគឺ អ្នកត្រូវចូលគេង និងទទួលទានអាហារឲ្យបានទៀងពេល ជៀសវាងការគេងភ្លាមៗក្រោយញ៉ាំអាហារ កុំញ៉ាំអាហារឆ្អែតពេក ឬផឹកគ្រឿងស្រវឹងមុនចូលគេង រួមទាំងជៀសវាងអាហារដែលមានសារធាតុកាហ្វេអ៊ីន ឬជក់បារីកំឡុង ៨ម៉ោងមុនចូលគេង ៕



មានចម្ងល់បញ្ចេញមតិនៅខាងក្រោម
0 comments so far,add yours
Post a Comment