
ក្រោយបែកគ្នា អ្វីៗនឹងប្រែក្លាយជាជូរចត់ លែងផ្អែមល្ហែមដូចពីមុន។ មានមនុស្សតិចនាក់ណាស់ដែលអាចនៅមើលមុខគ្នាត្រង់ ញញឹមដាក់គ្នាបាន ប៉ុន្តែអនុស្សាវរីយ៍នៅតែស្ថិតក្នុងការចងចាំជានិច្ច ហើយដើម្បីបំភ្លេចរឿងរ៉ាវទាំងអស់នេះឱ្យបាន ត្រូវការចំណាយពេលយូរណាស់។ ហេតុនេះបើអ្នកនៅតែធ្វើរឿងដូចខាងក្រោម បានន័យថាអ្នកមិនទាន់កាត់ចិត្តពីគេបាននៅឡើយទេ ទោះបីបែកគ្នាយូរប៉ុណ្ណាក៏ដោយ។
១-នៅរក្សាទុកសារដែលធ្លាប់ឆ្លើយឆ្លងគ្នាពីមុន
នេះជាសញ្ញាបញ្ជាក់ច្បាស់មួយដែលបង្ហាញថាអារម្មណ៍អ្នកនៅតែដិតដាមនឹងពាក្យពេចន៍ផ្អែមល្ហែមទាំងនោះ ដោយមិនដាច់ចិត្តលុបវាចេញនៅឡើយ។ កុំនិយាយថា គ្រាន់តែរក្សាទុក តែអារម្មណ៍មិននឹកនា ព្រោះវាជាវិធីមួយដែលអាចជួយឱ្យនឹកឃើញអតីតកាលទាំងនោះ ហើយចៀសមិនផុសថ្ងៃណាមួយ អ្នកនឹងយកវាមកអង្គុយអានឡើងវិញ រហូតដល់ញញឹមឬស្រក់ទឹកភ្នែកមិនដឹងខ្លួនក៏ថាបាន។
២-នៅទុកកាដូឬបាច់ផ្កាដែលគេធ្លាប់ឱ្យ
ប្រហែលមិនតិចដងទេដែលមនុស្សស្រីក្រោយពេលបែកគ្នាចង់យកកាដូឬផ្កាដែលគេធ្លាប់ឱ្យ ថាយកទៅបោះចោល តែត្រូវហាមចិត្តទុកវិញ ព្រោះចិត្តមិនទាន់ដាច់ ឬពេលខ្លះយកទៅចោលដល់ធុងសំរាមហើយ មិនបានប៉ុន្មានក៏ទៅរើសយកមកទុកវិញសិន។ ហេតុផលមួយដែលមានក្នុងចិត្តនៅពេលនេះ គឺបើអ្នកលែងបានឃើញរបស់ទាំងនេះ អ្នកអាចនឹងរឹតតែឈឺចាប់ ព្រោះហោចណាស់វាអាចជួយរម្លឹករឿងល្អៗពីមុនឱ្យអ្នករីករាយបាន។
៣-នៅខ្វាយខ្វល់រឿងផ្ទាល់ខ្លួនរបស់គេ
ទោះបីបែកគ្នា លែងបានឃើញមុខគ្នា តែអ្នកនៅតែលួចតាមដានសកម្មភាពគេនៅលើបណ្ដាញសង្គមនានា ឬពេលខ្លះ Block គណនីគេចោល តែខ្លួនឯងទៅបង្កើតគណនីមួយទៀតដើម្បីចូលមើលគេ ចេះតែចង់ដឹងថាគេយ៉ាងម៉េចហើយ គេមានផុសអ្វីខូចចិត្តក្រោយពីបែកគ្នាដែរអត់ គេរកបានអ្នកថ្មីហើយនៅ? ជាដើម។
៤-អ្នកនៅតែឈឺចាប់ពេលមានអ្នកណារម្លឹកឈ្មោះគេ
បើមានអ្នកណាម្នាក់ មកសួរថាអ្នកនៅស្រលាញ់សង្សារចាស់អត់ ឬមកនិយាយពីអ្វីទាក់ទងនឹងគេប្រាប់អ្នក អ្នកច្បាស់ជាឆ្លើយនៅនឹងមុខគេថា ភ្លេចបាន១០០%ហើយ គេនោះលែងមានអ្វីសំខាន់សម្រាប់អ្នកទៀតហើយ។ ប៉ុន្តែទាំងដែលការពិត ក្នុងចិត្តចាប់ផ្ដើមឈឺឆៀប រាល់ពេលឮអ្នកណានិយាយពីគេម្នាក់នោះ មិនថាពីរឿងល្អ ឬរឿងអាក្រក់ឡើយ ហើយអតីតកាលទាំងឡាយក៏វិលត្រឡប់មកក្នុងអារម្មណ៍វិញភ្លាមៗ។
៥-មិនទាន់ចង់មានអ្នកថ្មី
ក្រោយពីឃើញអ្នកខូចចិត្តព្រោះបាត់បង់គេមួយរយៈ មិត្តភ័ក្ដិ និងក្រុមគ្រួសារអាចនឹងណែនាំអ្នកណាផ្សេងដែលយល់ថាល្អ សក្ដិសមសម្រាប់អ្នក។ ប៉ុន្តែបើអ្នកពិតជាមិនទាន់អាចកាត់ចិត្តបានពីគេម្នាក់នោះ ចម្លើយដែលអ្នកនឹងឆ្លើយតបទៅអ្នកផ្ទះគឺ មិនទាន់ចង់គិតរឿងនេះទៀតទេ ឬថា ឆ្អែតចិត្តហើយចង់សម្រាកមួយពេលសិន ប៉ុន្តែការពិតគឺអ្នកកំពុងរង់ចាំក្រែងគេវិលមកវិញ។ ហេតុនេះទោះអ្នកថ្មីមានចំណុចល្អជាងអ្នកមុនពិតប្រាកដ ក៏អ្នកមើលមិនឃើញ មិនខ្វាយខ្វល់ដែរ៕



មានចម្ងល់បញ្ចេញមតិនៅខាងក្រោម
0 comments so far,add yours
Post a Comment