
“នៅហ្ស៊ីនអត់?” អាចជាសំណួរដែលធ្វើឲ្យមនុស្សស្រីជាច្រើនមិនស្រួលចិត្ត។ ប៉ុន្តែដោយសារកំណើនការយល់ដឹង និងការលើកតម្កើងសិទ្ធិស្ត្រី គេក៏ទទួលបានការឆ្លើយតបជាច្រើនដែលបង្ហាញថាសំណួរនេះជាសំណួរមិនសមហេតុផល។ ឥលូវនេះ នៅមានសំណួរមួយទៀតដែលជាសំណួរមិនសមហេតុផលដែរ ហើយក៏ជាសំណួរដែលអាចបង្ហាញថាអ្នកឆ្លើយនោះគឺជាមនុស្សបែបណា នោះគឺ “តើអ្នកនឹងរៀបការជាមួយមនុស្សស្រីអស់ព្រហ្មចារីទេ?”
ជាទូទៅពេលនិយាយពីមនុស្សបរិសុទ្ធ ឬព្រហ្មចារីគឺគេសំដៅដល់អ្នកដែលមិនធ្លាប់ឆ្លងកាត់ការរួមភេទ។ ប្រិយមិត្តមួយចំនួនប្រហែលជានឹកឃើញចម្លើយក្នុងចិត្ត ហើយអាចមានប្រិយមិត្តច្រើននិយាយថា “ទេ” ដោយហេតុផលដែលអាចទៅរួចនោះមានដូចជា៖
១. ខ្ញុំនៅបរិសុទ្ធ ហើយខ្ញុំចង់បានដៃគូដែលបរិសុទ្ធដូចគ្នា
២. មនុស្សស្រីដែលបាត់បង់ព្រហ្មចារីមុនរៀបការ គឺជាស្រីមិនល្អ
៣. ខ្ញុំចង់បានប្រពន្ធជាមនុស្សស្រីបរិសុទ្ធ
តើមនុស្សគ្រប់គ្នាសុទ្ធតែវាយតម្លៃមនុស្សស្រីលើភាពបរិសុទ្ធនេះមែនទេ? មិនអីចឹងទេ! អានចម្លើយរបស់បុរសម្នាក់នេះវិញ ប្រិយមិត្តនឹងបានជ្រាបកាន់តែច្បាស់ ហើយនេះក៏ជាចម្លើយដែលត្រូវបានគេយល់ស្របច្រើនបំផុតដែរ៖
“តើអ្នកព្រមរៀបការជាមួយមនុស្សស្រីអស់ព្រហ្មចារីទេ?”
“បើសួរដូច្នេះ ខ្ញុំសុំនិយាយថាចរិតរបស់មនុស្សគឺសំខាន់ជាង។ ភាពបរិសុទ្ធមិនមែនជាជញ្ជីងត្រឹមត្រូវសម្រាប់ថ្លឹងថ្លែងអត្តចរិតរបស់នរណាម្នាក់នោះទេ។ ជួនកាល វាអាចមកពីនាងត្រូវគេចាប់រំលោភ ជួនកាលដោយសារនាងស្រឡាញ់បុរសម្នាក់នោះខ្លាំងពេក ប៉ុន្តែត្រូវគេបោកប្រាស់ ឬជួនកាលនាងត្រូវបង្ខំចិត្តធ្វើវាដោយផ្អែកលើហេតុផលមួយដែលយើងគួរពិចារណា។ ចម្លើយរបស់ខ្ញុំគឺ “YES” ខ្ញុំអាចរៀបការជាមួយមនុស្សស្រីបែបនេះ។ ប៉ុន្តែសម្រាប់មនុស្សស្រីដែលចរិតមិនល្អ ខ្ញុំសុំបដិសេធដោយមិនបាច់ពិចារណាលើហេតុផលផ្សេង។ ដូច្នេះតាមគំនិតផ្ទាល់ខ្លួន សម្រាប់ខ្ញុំ វាគ្មានបញ្ហាអីនោះទេក្នុងការរៀបការ និងទទួលយកនារីដែលធ្លាប់ឆ្លងកាត់ការរួមភេទ សំខាន់ឲ្យតែមូលហេតុពីក្រោយការអស់ព្រហ្មចារីនោះសមហេតុសមផល។ លើសពីនេះ ខ្ញុំក៏រីករាយនឹងផ្ដល់ជីវិតល្អមួយឲ្យមនុស្សស្រីម្នាក់ដែលធ្លាប់ឆ្លងកាត់បទពិសោធន៍ដ៏អាក្រក់កាលពីមុន” ៕



មានចម្ងល់បញ្ចេញមតិនៅខាងក្រោម
0 comments so far,add yours
Post a Comment