ads

រយៈ​ពេល​ប៉ុន​នេះ​គឺ​លើស​ពី​គ្រប់​គ្រាន់​សម្រាប់​ទឹក​ភ្នែក ភាព​នឿយ​ហត់ នឹង​ការ​អស់​ជំនឿ​ចិត្ត​លើ​អ្នក​ហើយ។ ឆ្នាំ​ថ្មី​ក៏​មក​ដល់​ហើយ ដល់​ពេល​ដែល​ត្រូវ​បោះបង់​ចោល ហើយ​ដើរ​បន្ត​ទៅ​មុខ​ហើយ។

ក្នុង​រឿង​មនោសញ្ចេតនា អាច​និយាយ​បាន​ថា កំហុស​ដែល​ធំ​បំផុត​នោះ​គឺ នៅ​តែ​តោងទាម​មនុស្ស​ដែល​អត់​ចិត្ត ទោះ​បី​ជា​គេ​ធ្វើ​អាក្រក់​ដាក់​យើង​យ៉ាង​ណា​ក៏​ដោយ ទាំង​ដែល​អ្វី​ដែល​យើង​ទទួល​បាន​មាន​តែ​ទឹក​ភ្នែក។ យើង​ពិបាក​ចិត្ត តែ​ដោយ​មូលហេតុ​ណា​មួយ យើង​មិន​អាច​បោះ​បង់​ចោល​បាន។
ពេល​វេលា​កន្លង​ផុត​ទៅ យើង​អាច​លើក​លែង​ឲ្យ​គេ​យ៉ាង​ងាយ​ស្រួល លាក់​បាំង​កំហុស​ទាំង​ឡាយ​របស់​គេ ហើយ​គិត​ថា​យើង​អាច​បំពេញ​ចន្លោះ​ខ្វះខាត​ទាំង​នោះ​បាន។ យ៉ាងណាក៏ដោយ ឆ្នាំ​ថ្មី​ក៏​ចូល​មក​ដល់​ហើយ ត្រូវ​ធ្វើ​ចិត្ត​ក្លាហាន​ដើម្បី​ដោះដៃ​ចេញ​ពី​ចំណង​ភាព​ដែល​តុកស៊ិក​នាំ​មក​តែ​ការ​ឈឺចាប់​ឲ្យ​ទាល់​តែ​បាន ដើម្បី​ទទួល​បាន​សុភមង្គល​ដែល​យើង​សម​តែ​មាន។
ដាច់​ឆ្នាំ​ចាស់ ឈាន​ចូល​ឆ្នាំ​ថ្មី បិទ​ទំព័រ​ខ្មៅ​ងងឹត​នោះ​ហើយ បើក​ទំព័រ​ដ៏​ភ្លឺ​ស្វាង​ថ្មី​ក្នុង​ជីវិត ហើយ​ដើរ​លើ​វិថី​ដែល​ក្រាល​ដោយ​ផ្កា​កូឡាប​របស់​យើង។
រយៈ​ពេល​ដែល​ចំណាយ​លើ​មនុស្ស​ម្នាក់​ដែល​ដឹង​ច្បាស់​ថា នឹង​មិន​តប​មនោសញ្ចេតនា​យើង​មក​វិញ​នោះ​គឺ​គ្រប់​គ្រាន់​ហើយ។ ហើយ​ទុក​ពេល​រក​មនុស្ស​ដែល​នឹង​នាំ​មក​ភាព​សប្បាយ​ដល់​យើង​វិញ។ អ្នក​នោះ​អាច​នឹង​ខែ​ក្រោយ ឬ​ឆ្នាំ​ក្រោយ​ទើប​បាន​ជួប ឬ​ស្អែក​ចេញ​ក្រៅ​ភ្លាម​ក៏​បាន​ជួប​ភ្លាម​ក៏​ថា​បាន ស្ដាប់​មើល​ទៅ​ដូច​ជា​ស្រពិចស្រពិល​ណាស់ តែ​អ្នក​នឹង​ជួប​ជាក់​ជា​មិន​ខាន។
ស្នេហា​គឺ​ត្រូវ​កើត​ឡើង​រវាង​មនុស្ស​ជាមួយ​មនុស្ស មិន​មែន​មនុស្ស​នឹង​ខ្ទឹម​បារាំង​នោះ​ទេ។ មាន​ឯណា​យក​គ្នា​ហើយ មក​ទឹក​ភ្នែក​រាល់​ថ្ងៃ​នោះ។ ប្រសិន​បើ​ឆ្នាំ​ថ្មី អត់​ទាន់​មាន​អ្នក​ជូន​ពរ​អ្នក ឲ្យ​រក​បាន​មនុស្ស​ដែល​ត្រូវ​ចិត្ត​ទេ​នោះ អីចឹង​ខ្លួន​ឯង​ជូន​ពរ​ខ្លួន​ឯង​ទៅ ព្រោះ​សុភមង្គល​គឺ​ស្ថិត​លើ​យើង​ខ្លួន​ឯង​ជា​អ្នក​សម្រេច៕
ចែករំលែកទៅ:

Pov Phoeurn

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម

0 comments so far,add yours