
ឱ្យតែនិយាយពី Fan Bingbing អ្វីដែលគេចងចាំក្រៅពីទ្រព្យសម្បត្តិមហាសាលនោះគឺ រូបសម្រស់ដ៏ក្មេងខ្ចី ផ្ទៃមុខរលោងម៉ត់ខៃ និងស្បែកសភ្លឺថាជាមួយស្នាមញញឹមដ៏គួរឱ្យស្រលាញ់នោះហើយ។ ទោះបីសព្វថ្ងៃអាយុជាង៣០ឆ្នាំហើយក្ដី តែបើមិនបានប្រាប់ខ្ទង់អាយុពិត គ្មានដឹងថានាងមានវ័យចាស់ដល់ថ្នាក់នេះទេ។ ចំណែកវិធីសាស្ត្រថែសម្ផស្សរបស់នាងក៏មិនមែនគ្រាន់តែបិទម៉ាស ប្រើគ្រឿងសម្អាងថ្លៃៗ ឬហាត់ប្រាណដូចអ្វីដែលនារីៗមួយធ្លាប់គិតនោះដែរ ប៉ុន្តែមានច្រើនយ៉ាងណាស់ដែលត្រូវបូកបញ្ចូលគ្នា៖
ម៉ាសបិទមុខនិងស្ទីម
មានពាក្យចចាមអារ៉ាមថា Fan Bingbing ប្រើម៉ាសពីរយ៉ាងផ្សេងៗគ្នាបិទមុខរាល់ថ្ងៃ គឺម៉ាសធ្វើឱ្យមុខស និងមួយទៀតសម្រាប់ផ្ដល់សំណើមដល់ស្បែកមុខ ប៉ុន្តែការនិយាយតគ្នានេះត្រូវបានសាមីខ្លួនចេញមកបកស្រាយថាមិនមែនជាការពិតទេ។ នាងប្រាប់ថា ក្នុងមួយសប្ដាហ៍ នាងបិទមុខតែ២ទៅ៣ដងប៉ុណ្ណោះ ហើយមុនពេលប្រើម៉ាស នាងតែងស្ទីមមុខជាមុនសិន ដើម្បីឱ្យស្បែកមុខអាចបឺតយកសារធាតុចិញ្ចឹមបានល្អ។
ប្រើវិធីការពារកម្ដៅថ្ងៃរាល់ពេលចេញខាងក្រៅ
រាល់ពេលចេញទៅក្រៅ ស្រីស្អាតត្រកូល Fan តែងប្រយ័ត្នប្រយែងរឿងស្បែកនេះជាសំខាន់ ដោយការទទូរឆត្រ និងប្រើក្រែមការពារកម្ដៅថ្ងៃ។ Fan Bingbing បន្តថា ការប្រើក្រែមការពារកម្ដៅថ្ងៃតែពេលចេញទៅក្រៅមួយមុខគឺមិនទាន់គ្រប់គ្រាន់ទេ នាងតែងលាបវារាល់ពេលត្រូវប្រើកុំព្យូទ័រផងដែរដើម្បីការពារកាំរស្មី UV ដែលជះមកផ្ទាល់លើស្បែក ព្រោះកាំរស្មី UV មិនមែនមានតែពន្លឺព្រះអាទិត្យ តែវាក៏មាននៅក្នុងពន្លឺដែលជះចេញពីគ្រឿងអេឡិចត្រូនិក និងអំពូលភ្លើងជាងដើម។
និយាយថាទេចំពោះជាតិកាហ្វេអ៊ីន
កាហ្វេអ៊ីនជាកត្តាចម្បងដែលបណ្ដាលឱ្យស្បែកឡើងស្ងួត បើវាបានជ្រាបចូលជ្រៅទៅក្នុងស្បែក។ ក្រៅពីនេះ កាហ្វេគឺជាភេសជ្ជៈដែលផលិតឡើងដោយប្រើស្ករច្រើន ដែលអាចបង្កគ្រោះថ្នាក់ដល់ស្បែក ដូច្នេះហើយ ទោះបីត្រូវថតរឿងដល់យប់ថ្មើរណាក៏ដោយ ក៏Fan Bingbing មិនដែលប៉ះពាល់កាហ្វេសូម្បីមួយតំណក់ដែរ ។
គ្រប់គ្រងរបបអាហារយ៉ាងម៉ត់ចត់ និងផឹកទឹកឱ្យបានច្រើន
ទោះបីរវល់ការងារសិល្បៈយ៉ាងណា តារាវ័យ៣៦ឆ្នាំរូបនេះតែងតែព្យាយាមគោរពតាមរបបអាហារ ដែលផ្ដល់សុខភាពល្អ និងគេងឱ្យបានគ្រប់គ្រាន់។ អ្វីដែលនាងញ៉ាំជាប្រចាំគឺ បន្លែ ផ្លែឈើ និងផឹកទឹកឱ្យបានច្រើនតាមដែលអាចធ្វើបាន (ហោចណាស់២លីត្រក្នុងមួយថ្ងៃ) និងប្រើទឹកសម្រាប់បាញ់បន្ថែមសំណើមលើស្បែក។
កាត់បន្ថយការ Makeup តាមដែលអាចធ្វើបាន
ជាតារាល្បីក្នុងវិស័យសិល្បៈរបស់ប្រទេសចិន Fan Bingbing តែងតែទទួលបានចំណាប់អារម្មណ៍បន្ថែមទៀតពេលនៅខាងក្រៅកញ្ចក់ទូរទស្សន៍។ នាងចេះស្លៀកពាក់ត្រូវតាមកាលៈទេសៈ និងការផាត់មុខឱ្យត្រូវនឹងការស្លៀកពាក់នោះ រហូតពេលខ្លះមិនបានផាត់មុខផង ដោយមូលហេតុថាដើម្បីផ្ដល់ឱ្យស្បែកមុខបានដកដង្ហើម និងមានសុខភាពល្អ៕




មានចម្ងល់បញ្ចេញមតិនៅខាងក្រោម
0 comments so far,add yours
Post a Comment