
បុរសម្នាក់បានរៀបការជាមួយនារីស្រស់ស្អាតម្នាក់។ គាត់ស្រឡាញ់នាងខ្លាំងណាស់។ ថ្ងៃមួយ នាងចាប់ផ្ដើមមានជំងឺស្បែក ហើយក៏បាត់បង់សម្រស់ទៅបន្តិចម្ដងៗ។
ក្រោយមក មានហេតុការណ៍អាក្រក់មួយកើតឡើង នោះគឺនៅពេលប្ដីរបស់នាងធ្វើដំណើរទៅខេត្តឆ្ងាយ ពេលធ្វើដំណើរត្រលប់មកវិញក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យភ្នែកមើលលែងឃើញ។
យ៉ាងណាក៏ដោយជីវិតគូរបស់ប្ដីប្រពន្ធទាំងពីរក៏ដំណើរទៅធម្មតា ប៉ុន្តែស្របពេលពេលវេលាចេះតែកន្លងទៅ រូបសម្រស់របស់ប្រពន្ធក៏ចេះតែបាត់បង់ទៅម្ដងបន្តិចៗ។ ស្វាមីពិការភ្នែកក៏ប្រហែលមិនបានដឹងពីរឿងនេះឡើយ ដូច្នេះក៏មិនធ្វើឲ្យជីវិតប្ដីប្រពន្ធរបស់ពួកគេផ្លាស់ប្ដូរអ្វីទាំងអស់។ គាត់នៅតែស្រឡាញ់នាង ហើយនាងនៅតែស្រឡាញ់គាត់យ៉ាងខ្លាំង។
មិនយូរប៉ុន្មាននាងប្រពន្ធក៏បានបាត់បង់ជីវិតដោយសារជំងឺធ្ងន់របស់ខ្លួន។ មរណភាពរបស់នាងបាននាំមកនូវភាពសោកសៅយ៉ាងក្រៃលែងដល់ស្វាមី។ នៅពេលធ្វើពិធីបុណ្យសពប្រពន្ធចប់សព្វគ្រប់ បុរសប្ដីក៏សម្រេចចិត្តចាកចេញពីស្រុកនោះ។ បុរសម្នាក់ក៏បានហៅគាត់ និងសួរទៅគាត់ថា ពេលនេះលោកអាចរស់នៅដោយខ្លួនឯងបានហើយមែនទេ ព្រោះកន្លងមក ប្រពន្ធរបស់លោកតែងតែជួយលោករហូតមក?
គាត់ក៏ឆ្លើយតបទៅវិញថា កន្លងមកខ្ញុំមិនបានពិការភ្នែកទេ។ ខ្ញុំធ្វើជាពិការ ដោយសារប្រសិនបើនាងដឹងថាខ្ញុំមើលឃើញសភាពស្បែកដ៏អាក្រក់របស់នាង វាអាចធ្វើឲ្យនាងទទួលភាពឈឺចាប់ច្រើនជាងការដែលនាងកើតជំងឺកាចសាហាវនោះទៅទៀត។
ដូច្នេះហើយទើបខ្ញុំក្លែងធ្វើជាមនុស្សពិការ។ នាងគឺជាភរិយាដ៏ល្អបំផុតរបស់ខ្ញុំ ខ្ញុំចង់ឲ្យនាងមានក្ដីសុខគ្រប់ពេលវេលា។
គំនិតអប់រំ៖ ពេលខ្លះ វាជាការល្អសម្រាប់យើងដែលត្រូវធ្វើខ្លួនជាខ្វាក់ និងធ្វើជាមិនដឹង មិនឮបញ្ហារបស់អ្នកដទៃដើម្បីមានក្ដីសុខ មិនថាធ្មេញត្រូវខាំអណ្ដាតប៉ុន្មានដងក៏ដោយ ទាំងធ្មេញ ទាំងអណ្ដាតគឺត្រូវនៅក្នុងមាត់ជាមួយគ្នារហូត។ បើទោះបីកែវភ្នែកទាំងគូមើលមិនឃើញគ្នាទៅវិញទៅមក ប៉ុន្តែវាក៏អាចមើលឃើញរួមគ្នា ព្រិចភ្នែកព្រមគ្នា និងយំព្រមគ្នា។
១. នៅម្នាក់ឯង យើងក៏អាច “និយាយ” ប៉ុន្តែបើនៅជាមួយគ្នាយើងអាច "ពិភាក្សា" គ្នាបាន។
២. នៅម្នាក់ឯង យើងក៏អាច “សប្បាយ” ប៉ុន្តែបើនៅជាមួយគ្នាយើងអាច “ប្រារព្ធ” អ្វីមួយជាមួយគ្នាបាន។
៣. នៅម្នាក់ឯង យើងក៏អាច “ញញឹម” ប៉ុន្តែបើនៅជាមួយគ្នាយើងក៏អាច “សើច” ជាមួយគ្នាបាន។
នេះហើយគឺជា “ភាពស្រស់ស្អាត” នៃទំនាក់ទំនងរវាងមនុស្សនិងមនុស្ស ៕



មានចម្ងល់បញ្ចេញមតិនៅខាងក្រោម
0 comments so far,add yours
Post a Comment