
ការដើរកម្សាន្តផ្លូវឆ្ងាយតែពីរនាក់ គឺជាអារម្មណ៍ដែលគូស្នេហ៍ថ្មីថ្មោងប្រាថ្នាចង់បាន ដើម្បីបង្កើនភាពស្និទ្ធស្នាល និងការយល់ចិត្តគ្នា? អារម្មណ៍រំភើប បូករួមជាមួយការភ័យ ព្រួយបារម្ភតែងតែមាន ព្រោះអ្នកមិនទាន់ស្គាល់គាត់ច្បាស់។ រឿងរញ៉េរញ៉ៃ ឬខកចិត្តក៏អាចកើតឡើងគ្រប់ពេល បើអ្នកមិនបានរៀបគម្រោងឲ្យបានគ្រប់ជ្រុងជ្រោយ។ ដូច្នេះតិចនិកទាំង៨ខាងក្រោម ជាអ្វីដែលអ្នកមិនគួរមើលរំលង បើចង់ឲ្យដំណើរកម្សាន្តនេះទទួលបានជោគជ័យ៖
១. ជ្រើសរើសទីកន្លែងដែលអ្នកទាំងពីរចង់ទៅដូចគ្នា
កុំព្យាយាមបង្ខំគាត់ ឲ្យយល់ព្រមទទួលយកទីកន្លែងដែលអ្នកចង់ទៅតែម្នាក់ឯង ហើយអ្នកក៏កុំបង្ខំខ្លួនឯងដូចគ្នា។ រៀនស្គាល់ពីចំណង់ចំណូលចិត្តគ្នាឲ្យហើយ ដើម្បីកុំឲ្យមានសម្អាតផ្លូវចិត្តពេលក្រោយ។
២. មិនចាំបាច់ត្រូវបម្រើគាត់គ្រប់ពេលទេ
កុំព្យាយាមក្នុងការផ្គាប់ចិត្តគាត់ខ្លាំងពេក។ អ្នកក៏ត្រូវរីករាយជាមួយដំណើរកម្សាន្តនេះដូចគ្នា កុំរវល់តែធ្វើនេះ ធ្វើនោះរហូតធ្វើឲ្យអ្នកឯងហត់នឿយមិនបានសប្បាយ។ អ្នកត្រូវចាំថា គាត់ស្រឡាញ់អ្នករួចហើយ ដូច្នេះមិនបាច់ប្រឹងប្រែងបន្ថែមទៀតទេ។
៣. ហ៊ាននិយាយត្រង់ទៅត្រង់មក
បើគាត់ធ្វើរឿងមួយចំនួនដែលអ្នកមិនចូលចិត្ត ដូចជាចាក់ភ្លេងឮៗ កុំស្ទាក់ស្ទើរក្នុងការប្រាប់គាត់ឲ្យសោះ។ វាមិនបានធ្វើឲ្យគាត់អន់ចិត្តទេ តែមានតែឲ្យគាត់ស្គាល់ពីរសនិយមអ្នករឹតតែច្បាស់។
៤. រៀប និងប្រមើលមើលគម្រោងទាំងឡាយជាមួយគ្នា
សម្រេចចិត្តធ្វើអ្វីភ្លាមៗ មិនមែនជារឿងដែលគូស្នេហ៍ថ្មោងថ្មីគួរធ្វើនោះទេ។ ដូច្នេះអ្នកត្រូវពិភាក្សាគ្នាគ្រប់សកម្មភាព ព្រមទាំងចាត់ចែងពេលវេលាឲ្យបានត្រឹមត្រូវតាំងពីថ្ងៃដំបូង រហូតដល់ថ្ងៃបញ្ចប់នៃដំណើរកម្សាន្តនេះ។
៥. ដឹងពីគម្រោងចំណាយ និងអ្នកណាជាអ្នកចេញលុយ
អ្នកត្រូវដឹងថាអ្នកនិងគាត់ អ្នកណាមានចំណូលច្រើនជាង ហើយត្រូវចំណាយលើអ្វីខ្លះរៀងៗខ្លួន។ រឿងហិរញ្ញវត្ថុគឺជារឿងសំខាន់ ដូច្នេះកុំធ្វើឲ្យមានភាពលំអៀង អ្វីៗត្រូវតែយុត្តិធម៌ និងស្មើភាព ទើបគ្មានការអន់ចិត្តពេលក្រោយ។
៦. សម្របសម្រួលគ្នា
អ្នកទាំងពីរអាចចង់ធ្វើរឿងផ្សេងគ្នា ដូចជាអ្នកចង់ដុតកាំជ្រួចនៅយប់ថ្ងៃដំបូង ហើយគាត់ចង់ទៅហែលទឹកនៅថ្ងៃបន្ទាប់ ដូច្នេះត្រូវតែសម្របសម្រួលគ្នាឲ្យហើយ។ ម្នាក់ៗត្រូវលះបង់ ស្ម័គ្រចិត្តក្នុងការកំដរគ្នា បែបនេះទើបដំណើរកម្សាន្តនេះមានភាពរលូន។
៧. សាកល្បងរឿងថ្មី ដែលអ្នកទាំងពីរមិនដែលធ្វើ
បង្ហាញគាត់ថាអ្នកជាមនុស្សដែលបើកចំហចិត្តក្នុងការទទួលយករឿងថ្មីៗកម្រិតណា។ ធ្វើរឿងថ្មីដែលអ្នកទាំងពីរមិនធ្លាប់មានបទពិសោធន៍ ពិតជាមេរៀនល្អក្នុងការស្គាល់គ្នា និងកសាងអនុស្សាវរីយ៍ថ្មីជាមួយគ្នាបានយ៉ាងល្អ។
៨. ត្រៀមអារម្មណ៍ចំពោះរឿងមិនល្អ ដែលអាចកើតឡើង
គ្មានអ្នកណាទាយដឹងរឿងអនាគតមុនបានឡើយ។ រឿងចៃដន្យផ្សេងៗ អាចកើតឡើងខុសពីផែនការរបស់អ្នក ដែលធ្វើឲ្យអ្នកទាំងពីរខូចអារម្មណ៍ ដូច្នេះអ្នកត្រូវត្រៀមខ្លួនដោះស្រាយដោយភាពឆ្លាតវៃ។ ត្រូវចាំថា គ្មានគម្រោងណាល្អឥតខ្ចោះនោះទេ៕


មានចម្ងល់បញ្ចេញមតិនៅខាងក្រោម
0 comments so far,add yours
Post a Comment