ads

ថ្ងៃ​នេះ កញ្ញា នឹង​នាំ​ប្រិយមិត្ត​ទាំង​អស់​គ្នា​​​មក​មើល​ពី​វិធី​ថែ​រក្សា​ចំណង​ស្នេហ៍​របស់​ចាស់​ៗ​ជំនាន់​មុន ថា​តើ​ហេតុ​អ្វី​បាន​ជា​ពួក​គាត់​ស្រឡាញ់​គ្នា​បាន​យូរ​​ម្ល៉េះ ខុស​ពី​សម័យ​នេះ​ដែល​ស្រឡាញ់​ក៏​ងាយ បែក​​គ្នា​ក៏​ងាយ។ ដូច្នេះ​កុំ​ឲ្យ​ខាត​ពេល​យូរ​យើង​ទៅ​​ស្វែង​យល់​ទាំង​អស់​គ្នា​តែ​ម្ដង៖

១. ឆ្លង​កាត់​ការ​លំបាក
មនុស្ស​សម័យ​មុន​ច្រើន​មាន​ភាព​ស្មោះស្ម័គ្រ​ឲ្យ​គ្នា​ជានិច្ច គ្មាន​អ្នក​ណា​បោកប្រាស់​អ្នក​ណា​ឡើយ ដូច​ជា​ជំនាន់​​លោក​យាយ​ លោក​តា​ មុន​នឹង​ស្រឡាញ់​នរណា​ម្នាក់​បាន​គឺ​ត្រូវ​សរសេរ​សំបុត្រ ឬ​តាម​ញ៉ែ​ឡើង​យូរ ហើយ​ត្រូវ​​ឆ្លង​កាត់​ការ​សាកល្បង​​ការ​អត់ធ្មត់​ពី​ចាស់​ទុំ​ទាំង​សង​ខាង​ច្រើន​គួរ​សម ដូច្នេះ​ហើយ​ស្នេហា​របស់​ពួក​គាត់​ក៏​រឹង​មាំ​ទៅ​តាម​នោះ​ដែរ។
២. រក្សា​ពាក្យ​សន្យា

ពាក្យ​សន្យា​គឺ​ជា​អ្វី​ដែល​មនុស្ស​សម័យ​មុន​គោរព​ជាង​អ្វី​ទាំង​អស់។ បើ​ពួក​គាត់​ហា​មាត់​សន្យា​ថា​ធ្វើ​អ្វី​ហើយ គឺ​ត្រូវ​ធ្វើ​ឲ្យ​បាន​តាម​សម្ដី​របស់​ខ្លួន​ឯង ដូច​ជា​បើ​សន្យា​ថា​នឹង​មើល​ថែ​គ្នា​រហូត​ដល់​ចាស់​ស្លាប់ គឺ​ពួក​គាត់​នឹង​រក្សា​ពាក្យ​សន្យា​នេះ​រហូត។
៣. បច្ចេកវិទ្យា​មិន​សម្បូរបែប​ដូច​សម័យ​នេះ
បច្ចេកវិទ្យា បណ្ដាញ​ទំនាក់ទំនង​​គ្រប់​យ៉ាង​គឺ​​មិន​ទូលំទូលាយ ឬ​បើក​ទូលាយ​​ដូច​សម័យ​នេះ​ឡើយ ដូច្នេះ​ហើយ​មនុស្ស​សម័យ​មុន​មិន​សូវ​មាន​បញ្ហា​​ចែក​ផ្លូវ​គ្នា ឬ​លួចលាក់​ក្បត់​កាយ​ក្បត់​ចិត្ត​ដូច​សម័យ​នេះ និង​មាន​ពេល​វេលា​ស្និទ្ធស្នាល​ជាមួយ​គ្នា​ច្រើន​ជាង​បច្ចុប្បន្ន​ដែល​ម្នាក់​ៗ​រវល់​តែ​ជាមួយ​ទូរស័ព្ទ។
៤. ​ត្រង់​ទៅ​ត្រង់​មក
មនុស្ស​សម័យ​មុន​ជា​មនុស្ស​ត្រង់​ៗ គិត​យ៉ាង​ម៉េច​ និយាយ​យ៉ាង​ហ្នឹង ទើប​ពាក្យ​សម្ដី​ភាគ​ច្រើន​ពោរពេញ​ដោយ​ភាព​ពិត​ប្រាកដ និង​ការ​ផ្ដល់​កិត្តិយស​​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ភាព​ស្មោះ​ត្រង់​នេះ​ហើយ​គឺ​ជា​មន្ត​ស្នេហ៍​មួយ​ទៀត​ដែល​ធ្វើ​​ឲ្យ​មនុស្ស​​ស្រឡាញ់​គ្នា​បាន​យូរ។
៥. ការ​ទុក​ចិត្ត​គ្នា
ការ​ទុក​ចិត្ត​គ្នា​គឺ​ជា​កត្តា​ដ៏​សំខាន់​សម្រាប់​ជីវិត​គូ។ មនុស្ស​ជំនាន់​មុន​​ទុក​ចិត្ត​គូ​ស្នេហ៍​របស់​ខ្លួន​ខ្លាំង​ណាស់ រហូត​អាច​សម្រេច​ចិត្ត ឬ​ធ្វើ​អ្វី​​ជំនួស​គ្នា​បាន។ ការ​ប្រើ​ជីវិត​គូ​ដោយ​ផ្អែក​លើ​មូលដ្ឋាន​យោគយល់​គ្នា​បែប​នេះ​នឹង​នាំ​មក​នូវ​​ទំនាក់ទំនង​​ដ៏​រឹង​មាំ​រវាង​មនុស្ស​ពីរ​នាក់ ទំនាក់ទំនង​យូរ​អង្វែង​ មិន​មែន​ត្រឹម​តែ​មួយ​រយៈ។
៦. មាន​គម្រោង​អនាគត​រួម​គ្នា

ចំណុច​នេះ​គឺ​ជា​ចំណុច​ដ៏​សំខាន់​មួយ​ទៀត ដែល​ធ្វើ​ឲ្យ​គូ​ស្នេហ៍​សម័យ​មុន​ស្រឡាញ់​គ្នា​យូរ​អង្វែង ព្រោះ​ជីវិត​ដែល​មាន​គោលដៅ​រួម​គ្នា​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ស្រឡាញ់​​ដ៏​ពិត​ប្រាកដ ពោល​គឺ​គេ​ជា​អនាគត​អ្នក ហើយ​អ្នក​គឺ​ជា​អនាគត​របស់​គេ ៕
ចែករំលែកទៅ:

Pov Phoeurn

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម

0 comments so far,add yours