
គ្រាន់តែនឹកឃើញដល់អាហារសម្រន់បំពងស្រួយៗ ឈ្ងុយៗ អ្នកណាក៏ទ្រាំអត់ឃ្លានមិនបានដែរ។ ប៉ុន្តែអ្នកមិនគួរបរិភោគវាតាមដែលចិត្តចង់រហូតទេ ព្រោះគ្រោះថ្នាក់មួយចំនួនខាងក្រោមអាចនឹងកើតឡើងចំពោះសុខភាព៖
១. ធ្វើឱ្យខូចប្រព័ន្ធរំលាយអាហារ៖ អាហារដែលមានជាតិខ្លាញ់គឺ មិនងាយរំលាយដូចអាហារសរីរាង្គផ្សេងទៀតទេ វាធ្វើឱ្យក្រពះពោះវៀនអ្នកធ្វើការលើសកម្លាំងជាងមុន។ នៅពេលដែលអាហារមិនបានរំលាយសព្វអស់ បញ្ហានៃការដុះក្បាលពោះនឹងកើតឡើង។
២. អាចធ្វើឱ្យរាគរូស៖ ជាតិខ្លាញ់ដែលមាននៅក្នុងអាហារអាចធ្វើឱ្យអ្នកមានបញ្ហាឈឺពោះរាគជាដើម។
៣. សម្លាប់បាក់តេរីដែលមានប្រយោជន៍៖ បាក់តេរីទាំងនោះហាក់បីដូចជារបាំងការពារពោះវៀនអ៊ីចឹង វាដើរតួជាអ្នកសម្របសម្រួលក្នុងការរំលាយអាហារ និងប្រឆាំងជាមួយបាក់តេរីអាក្រក់ផ្សេងៗ។
៤. ប្រឈមនឹងជំងឺបេះដូង និងទឹកនោមផ្អែម៖ តាមការស្រាវជ្រាវរបស់មហាវិទ្យាល័យ Harvard បានឱ្យដឹងថា មនុស្សដែលបរិភោគអាហារមានជាតិខ្លាញ់ពី ៤ ទៅ ៦ ដងក្នុងមួយសប្តាហ៍អាចប្រឈមនឹងជំងឺបេះដូងលើសពី ២៣ ភាគរយ។ ចំណែកជំងឺទឹកនោមផ្អែមវិញលើសពី ៣៩ ភាគរយឯណោះ៕



មានចម្ងល់បញ្ចេញមតិនៅខាងក្រោម
0 comments so far,add yours
Post a Comment