
ស្ទីលផាត់មុខហាយឡាយឡើងរលើបដូចលាបខ្លាញ់ ចិញ្ចើមក្រាស់ដូចដង្កូវ ម្សៅកាត់ថ្គាមឡើងខ្មៅដូចធ្យូងនឹងត្រូវបញ្ចប់ក្នុងឆ្នាំថ្មីនេះ។
សិល្បៈនៃការផាត់មុខ គឺជួយញ៉ាំងឲ្យសម្រស់យើងកាន់តែស្រស់ស្អាតជាងមុន។ យ៉ាងណាក៏ដោយមានស្ទីលផាត់មុខជាច្រើនដែលមិនត្រឹមតែមិនលើកសម្រស់នោះទេ ថែមទាំងជួយជាន់ពន្លិចមួយថែមទៀត ព្រោះមិនស៊ីនឹងទម្រង់មុខ ជាពិសេសគឺរបៀបផាត់មុខមកពីលោកខាងលិចតែម្ដង។ ខាងក្រោមនេះគឺម៉ូដផាត់មុខមួយចំនួនដែលគេរំពឹងថានឹងបាត់មុខនៅក្នុងឆ្នាំ២០១៨ខាងមុខ។
១. ហាយឡាយមុខឡើងរលើបដូចខ្លាញ់
ខណៈលាបហាយឡាយសមល្មម ធ្វើឲ្យមុខយើងប្រៀបដូចមានសំណើមនោះ ពេលប្រើម្សៅហាយឡាយខ្លាំងពេក ធ្វើឲ្យមុខយើងចាំងដូចបាល់ក្នុងបារឌីស្កូ ហើយឡើងរលើបដូចលាបខ្លាញ់ជ្រូក។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់អ្នកមុខមូល ពេលប្រើហាយឡាយជ្រុល អាចធ្វើឲ្យមុខធំជាងមុនទៀតផង។
២. កាត់ថ្គាម កាត់ថ្ពាល់ខ្មៅដូចធ្យូង
សម្រាប់អ្នកថ្គាមខ្លា ម្សៅកាត់ថ្គាមគឺជាជំនួយដែលមិនអាចខ្វះបាន។ តែបើប្រើមិនចេះថ្នមដៃនោះទេ មុខរបស់អ្នកនឹងក្រម៉ៅដូចត្រូវខ្លោច។ មនុស្សជាច្រើនដោយសារតែចង់បានមុខចេញទម្រង់វី សុខចិត្តប្រើម្សៅនេះយ៉ាងមិនប្រណីដៃ។
៣. ចិញ្ចើមក្រាស់ឃ្មឹកដូចដង្កូវ
គេមិនដឹងថាតាំងពីពេលណា ម៉ូដចិញ្ចើមស្លុយនេះប្រែជាពេញនិយមនោះឡើយ តែគេជឿជាក់ថាវានឹងលែងមាននៅឆ្នាំខាងមុខ។ ការគូសចិញ្ចើមក្រាស់មិនត្រឹមតែមើលទៅមិនធម្មជាតិនោះទេ ថែមទាំងឲ្យអ្នកគូរមើលទៅចាស់ជាងមុនទៀតផង។
៤. គូសត្រេមាត់ចេញក្រៅឲ្យឃើញធំ
ដោយសារតែឥទ្ធិពលរបស់តារាបរទេសដែលចង់បានមាត់ធំនោះ ក៏មានមនុស្សមិនតិចទេដែលតាមគន្លងនេះ។ ដោយសារតែចង់បានទម្រង់មាត់ធំ អ្នកខ្លះសុខចិត្តគូសត្រេមាត់ឲ្យហៀរចេញក្រៅដើម្បីឲ្យមាត់រីកជាងមុន។ បើត្រេមិនស្រួលទេ មាត់អាចមើលទៅស្ពេស ឬស្ទីក៕



មានចម្ងល់បញ្ចេញមតិនៅខាងក្រោម
0 comments so far,add yours
Post a Comment