
ទទួលស្គាល់ថាស្នេហាកាន់តែយូរ កាន់តែមានអនុស្សាវរីយ៍ច្រើន កាន់តែរឹងមាំ ប៉ុន្តែតើមានធ្លាប់សង្កេតទេថា ភាពសោះអង្គើយ ការឈ្លោះទាស់ទែងក៏កាន់តែមានច្រើន។
ពេលស្រឡាញ់គ្នាដំបូង ភាពផ្អែមល្ហែម ភាពស្និទ្ធស្នាល ការបារម្ភ ការយកចិត្តទុកដាក់គឺមានច្រើនរហូតអាចឲ្យយើងមានអារម្មណ៍ថាយើងដូចជាព្រះនាងម្ចាស់។ ប៉ុន្តែសំណួរដែលចង់សួរនោះថាតើហេតុអ្វីពេលវេលាកាន់តែយូរកាន់តែពិបាកកាន់ដៃគ្នាទៅមុខម្ល៉េះ?
កន្លងផុតមួយឆ្នាំ បន្តទៅមួយឆ្នាំទៀត ការប៉ះទង្គិច ការមិនយល់ពីគ្នា ការទាស់គំនិតគ្នាកាន់តែកើនឡើងមិនលស់ថ្ងៃ រហូតដល់ម្នាក់ៗមានអារម្មណ៍ថាហត់នឿយ ធុញទ្រាន់ ហើយកាន់តែពិបាកទទួលយកទៅៗ។ នេះប្រហែលមកពីពួកយើងស្គាល់គ្នាកាន់តែយូរ ចរិត ឬកពារពីកំណើត ក៏កាន់តែចេញមកបន្តិចម្ដងៗ។ ការមិនឲ្យតម្លៃក៏ចាប់ផ្ដើមកើតមាន រហូតទុកយើងចោលក៏ជារឿងធម្មតាសម្រាប់គេទៅហើយ។ ម្យ៉ាងទៀត ប្រហែលមកពីពួកយើងស្គាល់គ្នាកាន់តែយូរកាន់តែបានចិត្ត កាន់តែមានអំនួតថាម្នាក់ទៀតមិនអាចខ្វះយើងបាន។ លើសពីនេះ ការទើសភ្នែក ការមិនពេញចិត្តក៏កាន់តែមានឡើងមិនឈប់។ ពេលខ្លះយើងអាចមានអារម្មណ៍ថាស៊ាំក្នុងការរករឿង ការឈ្លោះ ទើបពេលខ្លះមានរឿងតិចតួចក៏មិនអាចឲ្យវាទៅផុត។
ប៉ុន្តែអ្វីដែលសំខាន់នោះ តើយើងអាចបន្តកាន់ដៃគ្នាទៅមុខទៀតទេ?
សម្រាប់អ្នកដែលស្រឡាញ់គ្នាពិត តស៊ូជាមួយគ្នាពិតគេនឹងអាចឆ្លងផុតដំណាក់កាលនេះ ហើយនឹងឈានទៅរកសុភមង្គលមួយយ៉ាងពិតប្រាកដ។ ដោយឡែកតែអ្នកដែលមិនអាចទ្រាំទ្ររួច គេនឹងបោះបង់ដោយមិនខ្វល់ថារយៈពេលយូរប៉ុណ្ណានោះទេ។ វាគឺជាដំណាក់កាលមួយដែលយើងត្រូវតែឆ្លងកាត់ តែបើយើងមិនអាចឆ្លងបាន ស្នេហាយើងនឹងត្រូវបានបញ្ចប់៕



មានចម្ងល់បញ្ចេញមតិនៅខាងក្រោម
0 comments so far,add yours
Post a Comment