
ទំនាក់ទំនងរវាងម្តាយក្មេក ជាមួយកូនប្រសាស្រីមិនមែនសុទ្ធតែល្អគ្រប់គូនោះទេ។ មើលតែក្នុងរឿងភាគ ក៏ដឹងដែរ ជម្លោះ ការខ្វែងគំនិត ការច្រណែន រវាងមនុស្សស្រីជាទីស្រឡាញ់ទាំងពីរ ពិតជាធ្វើឲ្យប្តីគ្រប់រូបល្វីងមុខមិនខាន។ ប្រសិនបើអ្នកជាកូនប្រសាស្រី ដែលកំពុងមានបញ្ហាបែបនេះ ហើយចង់ឲ្យម្តាយក្មេកបំភ្លេចរឿងចាស់ នឹងត្រលប់មកស្រឡាញ់អ្នកវិញ ខាងក្រោមនេះជាវិធី៣យ៉ាងដែលអ្នកត្រូវធ្វើ៖
១. បន្ទាបខ្លួន
អ្នកត្រូវត្រៀមខ្លួនក្នុងការអត់អោន លើកលែងទោស សង្កត់ចិត្ត បន្ទាប់ខ្លួន គោរព និងព្រមបើកចិត្តទទួលយកគាត់ និងជួយរំលែកការងាររបស់គាត់ក្នុងករណីរស់នៅក្រោមដំបូលផ្ទះតែមួយ។ ការសិក្សាស្វែងយល់ ពីបំណង និងអារម្មណ៍ពិតប្រាកដរបស់គាត់ចំពោះអ្នក ជួយឲ្យអ្នកស្គាល់គាត់កាន់តែច្បាស់។
២. យល់ពីអារម្មណ៍ពិតរបស់គាត់
អ្នកត្រូវស្រមៃថា ប្រសិនអ្នកជាគាត់ ត្រូវបានស្រីដែលទើបតែស្គាល់ម្នាក់ មកដណ្តើមក្តីស្រឡាញ់ស្ទើរទាំងស្រុងពីកូនប្រុសដែលគាត់ស្រឡាញ់ ថ្នាក់ថ្នមរាប់ឆ្នាំ នោះអ្នកនឹងយល់ពីអារម្មណ៍ខ្លោចផ្សា ព្រមទាំងចិត្តស្អប់ដែលគាត់មានមកលើអ្នក។
៣. និយាយពីបញ្ហាផ្ទាល់ជាមួយគាត់
សង្គ្រាមត្រជាក់ អ្នកគួរតែបញ្ចប់ ហើយបែរមកប្រាប់គាត់ផ្ទាល់ពីផលវិបាក ដែលអ្នកកំពុងជួយប្រទះ ព្រោះតែ ការមិនពេញចិត្ត រអ៊ូរទាំ រករឿង ដែលគាត់តែងផ្តល់ឲ្យអ្នក។ ទោះបី លទ្ធផលបែបណា អ្នកក៏បានអស់ចិត្ត ព្រោះអ្នកបានព្យាយាមអស់ពីសមត្ថភាព។
៤. អរគុណគាត់
អ្នកគួរឆ្លៀតពេលនិយាយពាក្យអរគុណដែលគាត់ធ្លាប់បានចិញ្ចឹម បីបាច់ ថែរក្សាប្តីរបស់អ្នកបានយ៉ាងល្អ ឬបើអ្នកមិនហ៊ាន សាកសរសេរជាសារ ឬសំបុត្រវិញក៏បាន។ ទង្វើបែបនេះ អាចធ្វើឲ្យគាត់សប្បាយចិត្ត ព្រោះគិតថាអ្នកជាកូនប្រសាដែលកតញ្ញូ និងយល់ពីតម្លៃរបស់គាត់។
៥. ពង្រឹងទំនាក់ទំនងជាមួយគាត់
អ្នកអាចអញ្ជើញគាត់ ឲ្យមកញ៉ាំអាហារពេលល្ងាចជាមួយអ្នកនិងប្តីអ្នកនៅខាងក្រៅ។ កុំចាំបាច់ឲ្យប្តីជាអ្នកធ្វើគ្រប់ពេល ខលនិយាយជាមួយគាត់ផ្ទាល់ បបួលគាត់ទៅផ្សារ ឬទៅណាមកណាជាមួយគ្នាឲ្យបានញឹកញាប់។
៦. ធ្វើមិនដឹងមិនឮ
ពេលខ្លះការធ្វើគ ធ្វើថ្លង់ ពិតជាមានប្រយោជន៍។ កុំរើសខ្លួនដាក់គ្រប់ពេលពេក គាត់អាចមានអារម្មណ៍មួម៉ៅរឿងផ្សេង ដូច្នេះអ្នកគួរធ្វើមនុស្សចិត្តធ្ងន់ និងត្រូវចាំថាមនុស្សចាស់គឺចិត្តច្រើន ឆាប់ខឹង និងពូកែទើសខ្លាំងណាស់។
ម្តាយក្មេកគឺជាមនុស្សដ៏សំខាន់នៅក្នុងគ្រួសារ។ អ្នកមិនអាចបំភ្លេច ឬមិនខ្វល់ពីវត្តមានរបស់គាត់ឡើយ។ ប្រសិនអ្នកប្រើតិចនិកខាងលើ ធានាថាយូរ ឬឆាប់គាត់ប្រាកដជាផ្លាស់ប្តូរចិត្តមកស្រឡាញ់អ្នកវិញមិនខាន ៕



មានចម្ងល់បញ្ចេញមតិនៅខាងក្រោម
0 comments so far,add yours
Post a Comment