
ស្គាល់គ្នាយូរ រស់នៅជាមួយគ្នាយូរ ឆ្លងកាត់រឿងរីករាយ ទុក្ខសោកជាមួយគ្នាច្រើន ចុងក្រោយគាត់ក៏បោះបង់អ្នកចោល ឬអ្នកទាំងពីរសម្រេចចិត្តចែកផ្លូវគ្នាដោយស្ម័គ្រចិត្តព្រោះផលវិបាកផ្សេងៗ។ ប៉ុន្តែហេតុអ្វី អ្នកនៅតែមិនអាចកាត់ចិត្តពីគាត់បាន? ហេតុអ្វីនៅតែអាឡោះអាល័យ និងស្រឡាញ់ ចង់ត្រូវគ្នាវិញជាមួយបុរសដដែលម្នាក់នោះ? តោះមកស្វែងយល់ពីហេតុផល៧យ៉ាងនៅពីក្រោយភាពមានៈ រឹងរូស របស់អ្នកទាំងអស់គ្នា៖
១. គិតថាគាត់នឹងផ្លាស់ប្ដូរម្ដងនេះ
មនុស្សស្រីតែងតែគិតវិជ្ជមានរហូត។ អ្នកយល់ថាក្រោយពេលការផ្តល់ឱកាស គាត់ប្រាកដជាកែខ្លួន និងផ្លាស់ប្ដូរជាថ្មី។ គាត់នឹងឈប់ប្រើអំពើហិង្សា ឈប់លេងល្បែង ឈប់ក្បត់អ្នកទៀត ប៉ុន្តែការពិតអ្នកផ្តល់ឱកាសឲ្យគាត់រាប់សិបដងទៅហើយ ដូច្នេះគាត់គ្មានបំណងនឹងបញ្ឈប់រឿងទាំងអស់នោះដើម្បីអ្នកទេ។
២. គាត់ធ្លាប់ជាមនុស្សយល់ចិត្តបំផុត
អ្នកទម្លាប់ខ្លួនជាមួយការដែលគាត់តែងតែជួយកែកំហុស ការពារ ព្រួយបារម្ភ យកចិត្តទុកដាក់ ថ្នាក់ថ្នម ផ្ដល់កម្លាំងចិត្ត រហូតភ្លេចថាអ្នកទាំងពីរបែកគ្នាហើយ។ ត្រូវចាំថាគាត់មិនមែនជាឪពុកម្ដាយ ឬជំនួយការរបស់អ្នកទេ ដូច្នេះពេលជួបបញ្ហាជាមួយអ្នកថ្មី ត្រូវដោះស្រាយដោយខ្លួនឯងពីពេលនេះតទៅ។
៣. អ្នកតែងតែប្រៀបធៀប
ពេលណាត់ជួបអ្នកថ្មី អ្នកតែងតែប្រៀបធៀបគេជាមួយអ្នកចាស់។ អ្នកមិនព្រមបើកចិត្តឲ្យទូលាយ នឹងទទួលយកអ្នកថ្មី ព្រោះតែអារម្មណ៍មិនដាច់ស្រឡះរបស់អ្នក។ អ្នកអាចយកអ្នកថ្មី ដើម្បីបញ្ឈឺចិត្តគាត់ប៉ុណ្ណោះ។ បើនៅតែបែបនេះ អ្នកគ្មានថ្ងៃរកឃើញស្នេហ៍ពិតនោះទេ។
៤. អ្នកចូលចិត្តស្នេហាដែលមានឧបសគ្គ
អ្នកឱបជាប់ទុក្ខសោក ការឈឺចាប់ទាំងឡាយម្នាក់ឯង ហើយសង្ឃឹមថាគាត់នៅតែស្រឡាញ់អ្នក។ អ្នកបញ្ចុះបញ្ចូលខ្លួនឯងថា ស្នេហាដែលលំបាកបែបនេះ ទើបមានន័យ ហើយការឈឺចាប់របស់អ្នកប្រាកដជាផ្ដល់លទ្ធផលគាប់ចិត្តនៅពេលណាមួយមិនខាន។
៥. ក្លាយជាមនុស្សស្រីគួរឲ្យអាណិត
បើគាត់មិនព្រមផ្លាស់ប្តូរ អ្នកស្ម័គ្រចិត្តផ្លាស់ប្ដូរខ្លួនឯង ដើម្បីឲ្យត្រូវជាមួយគាត់។ អ្នកស៊ាំជាមួយការឈឺចាប់ រហូតហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីបុរសម្នាក់នោះ។ ការពិតវាមិនបានធ្វើឲ្យគាត់ស្រឡាញ់អ្នកវិញទេ។ គាត់បានត្រឹមតែអាណិត ឬយកប្រៀបលើស្នេហាអ្នកប៉ុណ្ណោះ។
៦. ព្រោះតែអ្នកមានអារម្មណ៍ស្ដាយក្រោយ
ក្នុងករណីដែលអ្នកជាភាគីដែលធ្វើខុសវិញ អ្នកប្រាកដជាមានអារម្មណ៍ មិនអស់ចិត្ត ស្ដាយក្រោយ ចង់ត្រឡប់ត្រូវរ៉ូវជាមួយគាត់វិញ។ ការសុំលើកលែងទោស និងសន្យាកែប្រែខ្លួនឯង អ្នកជាអ្នកធ្វើ ប៉ុន្តែការសម្រេចចិត្តរបស់គាត់បែបណាអ្នកក៏ត្រូវទទួលយកវាដូចគ្នា។
៧. អ្នកត្រូវការការបញ្ចប់ដែលធ្វើឲ្យស្ងប់ចិត្ត
អ្នកចង់ស្វែងរកមូលហេតុដែលត្រឹមត្រូវបំផុតមួយលួងខ្លួនឯង ចំពោះការបរាជ័យនេះ។ ក្រោយពីឮថាគាត់រកបានអ្នកថ្មី អ្នកអន្ទះសាចង់ឃើញ ចង់ជួបគាត់និងគូស្នេហ៍ថ្មី ដោយក្ដីរំពឹងថាគាត់អាចនៅមានចិត្តលើអ្នក ដូចអ្នកដែលតែងតែនឹករលឹកគាត់ដែរ។ បើអ្នករកភាគបញ្ចប់មិនឃើញទេ អ្នកនឹងនៅតែបន្ត ត្រូវការគាត់ជារៀងរហូត ៕



មានចម្ងល់បញ្ចេញមតិនៅខាងក្រោម
0 comments so far,add yours
Post a Comment